នគរបាលផ្នែកសណ្ដាប់ធ្នាប់ ស្រុកព្រះនេត្រព្រះ និមន្តព្រះសង្ឃ ប្រោសព្រំ នៅតាមដងផ្លូវជាតិលេខ៦ ដើម្បីបញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃ
ខេត្តបន្ទាយមានជ័យ៖ឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជិតឈានចូលមកដល់ ដើម្បីបញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃនៅតាមដងផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ លោក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះដឹកនាំមន្ត្រីក្រោមឱវ៉ាទ ផ្នែកសណ្ដាប់ធ្នាប់ជាច្រើននាក់និមន្តព្រះសង្ឃចំនួន៥អង្គសូត្រប្រោសព្រំ។
លោកអធិការបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដើម្បីបញ្ជៀសនូវឧបទ្រុបចង្រៃនៅតាមដងផ្លូវជាតិលេខ៦ ហើយកន្លងមកមានគរណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សស្លាប់ ជាញឹកញាប់ធ្វើឲ្យក្រុមគ្រួសារព្រាត់ប្រាស់សាច់ញាត្តិមានពេលខ្លះ ពិការអស់មួយជីវិតទៀតផង ទើបលោក រៀបចំនិមន្តព្រះសង្ឃចំនួន៥អង្គ ដើម្បីសូត្រប្រោសព្រំ និងបញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃឲ្យបំវាសជៀសចេញឲ្យឆ្ងាយ កុំឲ្យប្រជាពលរដ្ឋគ្រោះថ្នាក់ចរាចរណ៍បន្តទៀត និងសុំសេចក្ដីសុខសេចក្ដីចម្រើនដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៦នេះ ប្រកបដោយសុវត្ថិភាព ចាប់ពីព្រំប្រទល់ក្រុងសិរីសោភ័ណ ទៅដល់ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដល់កន្លែងដែលតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ច្រើនទៀតផង។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រះនេត្រព្រះនេះ មានមនុស្សស្លាប់ក្នុង១ឆ្នាំៗ ជាច្រើនរយនាក់ ដូច្នេះលោកបានមូលមតិគ្នាជាឯកច្ឆ័ន នាំគ្នាប្រារព្វធ្វើពិធីសូត្រមន្តនេះឡើង ដើម្បីសុំសេចក្តីសុខសេចក្តីចំរើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុន ដែលជិតចូលមកដល់ និងសុំសេចក្តីសុខសេចក្តីចំរើន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ឲ្យមានការថយចុះផងដែរ៕