សាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារដែលមានជំងឺចំនួន០២គ្រួសារ រស់នៅក្នុងស្រុកកែវសីមា
ខេត្តមណ្ឌលគិរី៖នាព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ លោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្ត និងជាលេខាធិការគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្ដមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំសមាជិក សមាជិកា សាខាកាកបាទក្រហម សមាជិក សមាជិកាអនុសាខាស្រុកកែវសីមា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្ដល់ជូនគ្រួសារ ដែលមានជំងឺចំនួន០២គ្រួសារ រស់នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។
ក្នុងឱកាសចុះសួរសុខទុក្ខ នាពេលនោះដែរលោក សុក សេរ៉ា នាយករងរដ្ឋបាលខេត្ត និងជាលេខាធិការគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្ដមណ្ឌលគិរី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី។
លោក សុក សេរ៉ា បានមានប្រសាសន៍បន្តថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមកម្ពុជាជានិច្ច ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ហើយអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ជនរងគ្រោះ ជនងាយរងគ្រោះដោយមិនគិតពីទិន្នាការនយោបាយឡើយ។
គ្រួសារទី១ មានជំងឺផ្សិតក្នុងខួរក្បាលងើបពីកន្ទេលអត់រួច ទទួលបានគ្រឿងឧបភោគបរិភោគ និងឃិត១កញ្ចប់ ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោក អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីថវិកាចំនួន១.០០០.០០០រៀល ថវិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីចំនួន២០០.០០០រៀល ថវិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមាចំនួន២៤០.០០០រៀល។
ចំណែកគ្រួសារទី២ ដែលមានក្មេងប្រុសរលួយដៃ បានទទួលគ្រឿងឧបភោគបរិភោគ និងឃិត១កញ្ចប់ ព្រមទាំងថវិកាផ្ទាល់ខ្លួនរបស់លោក អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីថវិកាចំនួន៥០០.០០០រៀល ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចំនួន១៥០.០០០រៀល ថវិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមាចំនួន២៤០.០០០រៀល៕